ព្រឹត្តិការណ៍

ពិធីបុណ្យសព ជាកន្លែងបង្កហានិភ័យធំបំផុត ចំពោះការរីករាលដាល នៃជំងឺ COVID-19 នៅអាហ្វ្រិកខាងត្បូង

CAPE TOWN៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អាហ្វ្រិកខាងត្បូង លោក Zweli Mkhize បាននិយាយកាលពីថ្ងៃអង្គារថា ពិធីបុណ្យសពត្រូវបានគេរកឃើញថា បានបង្កហានិភ័យធំបំផុត សម្រាប់ការរីករាលដាល នៃជំងឺរាតត្បាតរ៉ាំរ៉ៃ COVID-19 នៅអាហ្វ្រិកខាងត្បូង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Mkhize ថា “ យើងបានសង្កេតឃើញ មានការកើនឡើងយ៉ាងឆាប់រហ័ស នូវចំនួនករណី ដែលបានបញ្ជាក់ឆ្លង (ពីបុណ្យសព) ហើយបញ្ហានេះ បានធ្វើឱ្យមានការព្រួយបារម្ភ” ។

លោករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីបានធ្វើទស្សនកិច្ច នៅខេត្ត Eastern Cape ដែលមានករណីមួយចំនួនធំបានឆ្លង ដែលពាក់ព័ន្ធនឹងមនុស្ស ដែលបានចូលរួមពិធីបុណ្យសព ភ្លាមៗមុនពេលពួកគេ ធ្វើតេស្តរកមេរោគឆ្លងថ្មីនេះ ។

លោក Mkhize បានមានប្រសាសន៍ថា“ ហានិភ័យធំបំផុត នៃការរីករាលដាល ដែលត្រូវបានគេកំណត់អត្តសញ្ញាណ គឺការអនុវត្តវប្បធម៌ ដែលកើតឡើង នៅក្នុងពិធីបុណ្យសព” ។

អាហ្រ្វិកខាងត្បូង ស្ថិតនៅក្រោមការបិទប្រទេស ចាប់តាំងពីថ្ងៃទី ២៧ ខែមីនា។ បទបញ្ជាបិទនេះ បានហាមឃាត់ការប្រមូលផ្តុំ ជាសាធារណៈ លើកលែងតែពិធីបុណ្យសព ដែលមានអ្នកចូលរួមតិចជាង ១០០ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top