បរទេស៖ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមនាវាផ្ទុកយន្តហោះចិន ដែលនៅក្នុងខែនេះ បានធ្វើដំណើរ ក្បែរតំបន់ឆ្នេរខាងកើតរបស់កោះតៃវ៉ាន់នោះ ទើបបានបញ្ចប់ បេសកកម្មរបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ។
ក្រសួងតៃវ៉ាន់នេះ បាននិយាយទៀតថា ក្រុមដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទីមួយរបស់ប្រទេសចិន ឈ្មោះ Liaoning នេះ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើដំណើរឆ្ពោះទៅទិសខាងកើត កាត់តាមផ្លូវទឹក Bashi ដែលខ័ណ្ឌចែកកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ គឺជាទឹកដីមួយផ្នែករបស់ខ្លួន និងព្យាយាមដាក់ សម្ពាធនានា ដើម្បីយកកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ មកកាន់កាប់ ហើយក្នុងពេលថ្មីៗនេះ ភាពតានតឹង បានកើនឡើង កាន់តែខ្លាំង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង ដោយសារតែប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ព្យាយាមទាមទារឯករាជ្យ សម្រាប់កោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង