វ៉ាស៊ីនតោន៖ មន្ត្រីយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិក មួយរូបបានលើកឡើងថា លោកបានអះអាងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅតែស្ថិតក្នុងការគ្រប់គ្រង ពេញលេញ នៃកម្លាំងប្រដាប់អាវុធ ប្រទេសរបស់លោក ទោះបីជាមានរបាយការណ៍ថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរក៏ដោយ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា អគ្គមេបញ្ជាការរង នៃអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ John Hyten បានលើកឡើងថា លោកមិនមានព័ត៌មាន បន្ថែមលើរបាយការណ៍ អំពីសុខភាព របស់លោកគីម ជុងអ៊ុន នោះទេ។
លោកបា្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន នៅមន្ទីរបញ្ចកោណថា“ ខ្ញុំអាចប្រាប់អ្នកបានថា នៅក្នុងជំរៅចិត្ដខ្ញុំ មិនមានអ្វីដែលត្រូវបញ្ជាក់ ឬបដិសេធអ្វីទាំងអស់នៅតាមបន្ទាត់ទាំងនោះទេ ដូច្នេះខ្ញុំសន្មតថាលោកគីម ជុងអ៊ុន នៅតែស្ថិតនៅក្នុងការគ្រប់គ្រង ពេញលេញ នៃកម្លាំងនុយក្លេអ៊ែរកូរ៉េ និងកងកម្លាំងយោធា កូរ៉េដូចធម្មតា”៕
ដោយ ឈូក បូរ៉ា


