បរទេស៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយប្រាប់ទូរទស្សន៍ជាតិ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់ នឹងកម្ទេចនាវាចម្បាំង សហរដ្ឋអាមេរិក ប្រសិនបើគម្រាមកំហែងដល់សន្តិសុខ ក្នុងតំបន់ឈូងសមុទ្រមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានទីក្រុងតេអេរ៉ង់ ជុំវិញការយារយីនាវាអាមេរិក។
លោកឧត្តមសេនីយ៍អ៊ីរ៉ង់ Hossein Salami បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំទើបបានបញ្ជា ឲ្យកងកម្លាំងទ័ពជើងទឹករបស់យើង កម្ទេចនាវាកម្លាំងភេរវករអាមេរិកណាមួយ នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ដែលគម្រាមកំហែង ដល់សន្តិសុខរបស់នាវាយោធា ឬក៏មិនមែនយោធារបស់ប្រទេសអ៊ីរ៉ង់ ហើយសន្តិសុខ នៃតំបន់ឈូងសមុទ្រពែរ្ស គឺជាផ្នែកនៃអាទិភាព យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់”។
គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកទើបបានណែនាំ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ឲ្យបាញ់ទៅលើនាវាអ៊ីរ៉ង់ណាមួយ ដែលយារយីខ្លួននៅសមុទ្រ ប៉ុន្តែក្រោយមកលោកនិយាយថា លោកនឹងមិនផ្លាស់ប្តូរច្បាប់ ចូលរួមរបស់យោធានោះទេ៕ ប្រែសម្រួល៖ប៉ាង កុង