ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា ក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះ របស់រដ្ឋឈ្មោះ PT Angkasa Pura II បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta របស់ប្រទេសឥណ្ឌូនេស៊ី នៅក្រុងហ្សាការតា បានកំណត់ប្រតិបត្តិការ ពីថ្ងៃទី២៤ ដល់ថ្ងៃទី០១ ខែមិថុនា ដោយផ្អាកលើប្រតិបត្តិការហោះហើរ ដល់ជើងហោះហើរទំាងអស់ ក្នុងស្រុក និងអន្តរជាតិ ។
លោក Febri Toga Simatupang អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសាខា Communication & Legal បានលើកឡើងថា ព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta មិនបានបម្រើសេវាកម្មតាមកាលវិភាគ ឬមិនទាន់មាន កាលវិភាគសម្រាប់ប្រតិបត្តិការហោះហើរ (អ្នកដំណើរទូទៅ) សម្រាប់ជើងហោះហើរ ទាំងក្នុងស្រុក និងអន្តរជាតិទាំងអស់ ។
គាត់បានមានប្រសាសន៍ថា នេះជាការអនុវត្តតាមអនុក្រិត្យ ដែលដាក់ចេញដោយក្រសួងសាធារណការ ដែលធ្វើការហាមប្រាមដល់ការ ធ្វើដំណើរចំពោះជនម៉ូស្លីមចូលរួមពិធីបុណ្យ ដែលជាការខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការឆ្លងជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា