បរទេស ៖ នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ សម្រាប់ជាលើកទីពីរ ក្នុងពេលមួយខែ ស្របពេលមានភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងកោះតៃវ៉ាន់និងប្រទេសចិន និងស្របពេល ដែលនាវាផ្ទុកយន្តហោះចិន ធ្វើដំណើរកាត់ក្បែរកោះ ប្រជាធិបតេយ្យមួយនេះ។
ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ជាទីខ័ណ្ឌចែកកោះតៃវ៉ាន់និងប្រទេសចិន ក្នុងទិសដៅឆ្ពោះ ទៅទិសខាងត្បូង ហើយបច្ចុប្បន្ននេះ កំពុងតែបន្តធ្វើដំណើរទៅទិសខាងត្បូង។
ចំណែកមន្ត្រីនាំពាក្យកងនាវា ចម្បាំងលេខ៧របស់អាមេរិក លោក Anthony Junco បាននិយាយប្រាប់ថា នាវាដែលធ្វើដំណើរនោះ គឹជានាវាពិឃាតសមត្ថភាពមីស៊ីល ឈ្មោះ USS Barry និងបានប្រាប់ថា នាវានោះ បានធ្វើការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមប្រក្រតីធម្មតា អនុលោមទៅតាមច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង