វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើច្បាប់កញ្ចប់ថវិកាសង្គ្រោះ ចំនួន៤៨៤ពាន់លានដុល្លារ ដើម្បីបង្កើនមូលនិធិ ដល់ពាណិជ្ជកធុនតូច មន្ទីរពេទ្យនានា និងសម្រាប់ធ្វើតេស្តរកវីរុស ខណៈដែលប្រទេសកំពុងប្រឈមមុខ នឹងវិបត្តិសុខភាព សាធារណៈ ដោយសារជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន ។
លោក ត្រាំ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅក្នុងពិធីចុះហត្ថលេខា ដែលប្រារព្វធ្វើឡើងនៅឯសេតវិមាន ដែលរួមមានលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ និងក្រុមសមាជិកសភា មកពីបក្សសាធារណរដ្ឋ បានឲ្យដឹងថា ច្បាប់ នឹងអាច “ជួយដល់ពាណិជ្ជកម្មធុនតូច ហើយជួយដល់កម្មករទំាងឡាយ” ។
យោងតាមការលើកឡើងរបស់លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence និងជាអ្នកទទួលបន្ទុកជាប្រធានក្រុមការងារអន្តរគមន៍វីរុសកូរ៉ូណា នៅសេតវិមាន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមាន បានរៀបចំការធ្វើតេស្តលើមនុស្ស៤,៩៣លាននាក់ នៅទូទាំងប្រទេសតំាងពីពេលមុន ។
ទិន្នន័យចុងក្រោយចេញ ដោយសាកលវិទ្យាល័យ Johns Hopkins University បានបញ្ជាក់ថា នៅទូទំាងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ ដល់ទៅជាង៨៨០.០០០នាក់ ជាមួយគ្នានេះដែរ មានមនុស្សជាង៥០.០០០នាក់បានស្លាប់ គិតត្រឹមថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា