តូក្យូ៖ មានការចង្អុលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន នៅមានជីវិត ហើយលោក នៅរមណីយដ្ឋានឆ្នេរសមុទ្រវ៉ុនសាន ខណៈរូបភាពផ្កាយរណប បានបង្ហាញរថភ្លើងរបស់លោក ទំនងជាធ្វើដំណើរនៅទីនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយ ជាមួយគ្នានោះដែរ មន្រ្តីអាមេរិកនិងកូរ៉េខាងត្បូង បាននិយាយថា ពួកគេមិនជឿថា លោកប្រធានាធិបតី គីម ជុងអ៊ុន បានស្លាប់នោះទេ ។
យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ពាក្យចចាមអារ៉ាម អំពីការស្លាប់របស់លោកគីម បានកើតឡើង ចាប់តាំងពីលោកបានបាត់មុខ ពីពិធីប្រារព្ធខួបកំណើត របស់ជីតារបស់លោក នៅថ្ងៃទី ១៥ ខែមេសា ហើយបន្ទាប់ពីសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា គាត់បានទទួលការ វះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី ១២ ខែមេសា នៅក្នុងមន្ទីរពេទ្យមួយ នៅខាងក្រៅទីក្រុងព្យុងយ៉ាង ហើយបានធូរស្រាល។
ប៉ុន្តែមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក និងកូរ៉េខាងត្បូង នៅមានការសង្ស័យ លើរបាយការណ៍ដែលថា លោកគីមបានស្លាប់ ឬធ្លាក់ខ្លួនឈឺខ្លាំង។
មន្ត្រីកូរ៉េខាងត្បូងមួយរូប ដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សា អំពីបញ្ហាស៊ើបការណ៍សម្ងាត់ បាននិយាយថា“ យើងយល់ថា លោកប្រធានគីមជុងអ៊ុន បានស្ថិតនៅក្នុងទីក្រុង វុនសាន ក្នុងសប្តាហ៍នេះ” ៕
ប្រែសម្រួលៈ ណៃ តុលា


