ព្រឹត្តិការណ៍

អាមេរិកបន្ត បើកសេដ្ឋកិច្ចឡើងវិញយឺតៗ ទាំងដែលពលរដ្ឋស្លាប់ ដល់ជាង៥៦០០០នាក់ហើយ

វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសា បានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិក ត្រូវបានគេមើលឃើញថា បានបើកសេដ្ឋកិច្ចរបស់ខ្លួន បន្តិចម្តងៗឡើងវិញ ហើយបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានវាយប្រហារសេដ្ឋកិច្ចអាមេរិក ពលរដ្ឋរបស់ខ្លួនស្លាប់ជាង ៥៦០០០នាក់ មនុស្សផ្ទុកកូវីដ១៩ ដល់ទៅ៩៨៧០០០នាក់ និងមនុស្សរាប់លាននាក់ បាត់បង់ការងាររួចមក។

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថា ការបោះឆ្នោតនៅអាមេរិក នាខែវិច្ឆិកាខាងមុខនេះ នឹងប៉ះពាល់ទំហំណានោះទេ។ រដ្ឋColorado, Minnesota និងMontana មានផែនការបន្ថូរបន្ថយ ការដាក់បម្រាម ប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថា បើមិនចាំបាច់ទេ គួរតែបន្តស្នាក់នៅក្នុងផ្ទះ ខណៈដែលរដ្ឋLowa នឹងចាប់ផ្តើមដំណើរការផ្សារកសិកម្ម ដូចជាបន្លែ សាច់ ផ្លែឈើរបស់ខ្លួនវិញហើយ កាលពីថ្ងៃចន្ទម្សិលមិញ។

នៅរដ្ឋTennesseeវិញ ភោជនីយដ្ឋាន និងហាងលក់វត្ថុប្រើប្រាស់តួចៗ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះ ហើយចាប់ពីថ្ងៃពុធ។ រដ្ឋHawaii បើកឲ្យមានដំណើរការឆ្នេរខ្សាច់ ដ៏ល្បីល្បាញទាក់ទាញ ភ្ញៀវទេសចររបស់ខ្លួននោះ ឡើងវិញផងដែរ ប៉ុន្តែលើកលែង តែការដេកអាំងថ្ងៃប៉ុណ្ណោះ ដែលមិនអាចឲ្យធ្វើបាន ចំណែកនៅរដ្ឋTexasវិញ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហាងលក់រាយនានា ត្រូវបានអនុញ្ញាត ឲ្យដំណើរការផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top