វ៉ាស៊ីនតោន៖ លោក Eliot Engel ប្រធានគណៈកម្មាធិការ នៅសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការកិច្ចការបរទេស របស់សភាសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការសម្រេចចិត្ត របស់រដ្ឋបាល Trump ចំពោះការបញ្ឈប់ ការផ្តល់ថវិកាដល់ អង្គការសុខភាពពិភពលោក (WHO) ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងលិខិត ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo សមាជិកសភាប្រជាធិបតេយ្យ បានជំទាស់ទៅនឹងការសម្រេច បញ្ឈប់ការផ្តល់មូលនិធិ ដែលជាការរំខានផ្នែកនយោបាយ ពីការឆ្លើយតបរបស់រដ្ឋបាល ទៅនឹងជំងឺកីវីដ ១៩ ហើយទាមទារ ឱ្យក្រសួងការបរទេស ផលិតកំណត់ត្រា និងព័ត៌មានទាក់ទង នឹងសេចក្តីសំរេចនេះ។
លោក Engel បានសរសេរនៅក្នុងលិខិតនោះថា“ ការសម្រេចចិត្ត របស់លោកប្រធានាធិបតី Trump ក្នុងការបញ្ឈប់ការផ្តល់មូលនិធិ សម្រាប់អង្គការសុខភាពពិភពលោក (WHO) ក្នុងពេលមានជំងឺរាតត្បាតជាសកល គឺផ្តល់ផលអាក្រក់ និងធ្វើឱ្យជីវិតមានហានិភ័យ” ។
លោក Engel បាននិយាយថា ទោះបីជាអង្គការសុខភាពពិភពលោក មិនល្អឥតខ្ចោះក៏ដោយ ក៏អង្គការនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល ក្នុងចំណោមរដ្ឋាភិបាលនានា នៅជុំវិញពិភពលោក ហើយបានប្រកាសយ៉ាងឆាប់រហ័ស នូវការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភាពអាសន្នផ្នែកសុខភាព និងរោគរាតត្បាត។
សមាជិកសភាជាន់ខ្ពស់ បានចង្អុលបង្ហាញថា អង្គការសុខភាពពិភពលោក បានខិតខំប្រឹងប្រែង ដែលមិនអាចកាត់ថ្លៃបាន ដើម្បីជួយបន្ថយការរីករាលដាល និងកាត់បន្ថយនៃជំងឺរាតត្បាត។
ការវាយប្រហារ ទៅលើអង្គការសុខភាពពិភពលោក ជាជាងការរីករាលដាល នៃការការពារជំងឺកូវីដ១៩ នឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ ហើយដោយធ្វើឱ្យខូច ដល់ឧបករណ៍សំខាន់មួយរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺនេះ។
លោកប្រធាន បានកំណត់ពេលវេលា ត្រឹមថ្ងៃទី ៤ ខែឧសភា សម្រាប់ក្រសួងការបរទេស ក្នុងការប្រគល់ឯកសារទាក់ទង នឹងការសម្រេចដកហូតមូលនិធិ ពីអង្គការសុខភាពពិភពលោក។
នៅពេលដែលចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ កំពុងកើនឡើង ពាសពេញសហរដ្ឋអាមេរិក, សេតវិមានបានព្យាយាម បំបិទការរិះគន់ អំពីការស្តីបន្ទោសមុន ៗ របស់ខ្លួនដោយស្តីបន្ទោសអ្នកដទៃ៕ ប្រែសម្រួលៈ ណៃ តុលា