បរទេស៖ក្រុមឃ្លាំមើលសេរីភាព សាសនាអាមេរិក បាននិយាយថា សេរីភាពសាសនាក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះជាខ្លាំង កាលពីឆ្នាំមិញ ក្រោមភាពដឹកនាំដ៏តឹងរឹងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ដោយធ្វើការណែនាំសហរដ្ឋអាមេរិក ឲ្យដាក់ឥណ្ឌាទៅក្នុងបញ្ជីប្រទេសដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុត។
តាមសេចក្តីរាយការណ៍ពីកាសែត UPI គណៈកម្មាធិការអាមេរិកទទួលបន្ទុកសេរីភាពសាសនា ដែលជាគណៈកម្មាធិការរដ្ឋាភិបាល ឯករាជ្យមួយនោះ បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ ជំរុញឲ្យរដ្ឋបាលលោក ត្រាំ ចាត់ទុកប្រទេសឥណ្ឌាជាសម្ពន្ធមិត្តអាមេរិក ថាជាប្រទេសដ៏គួរយកចិត្តទុកដាក់ជាពិសេស ប្រហាក់ប្រហែល នឹងប្រទេសកូរ៉េខាងជើង ចិន និងអ៊ីរ៉ង់។
របាយការណ៍នោះ បានធ្វើពន្យល់ថា លោក ម៉ូឌី ប្រើប្រាស់ភាពភាគច្រើននៃរដ្ឋសភារបស់លោក ដែលទទួលបានកាលពីខែឧសភា ដោយការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី អនុម័តច្បាប់ស្តីពីសិទ្ធិជាពលរដ្ឋដែលបំពាន ដល់សេរីភាពសាសនា ជាពិសេសនោះគឺចំពោះពួកមូស្លីម៕ ប្រែសម្រួល៖ប៉ាង កុង