ព្រឹត្តិការណ៍

ឧទ្ធម្ភាគចក្រយោធា កាណាដា ជួបគ្រោះថ្នាក់ធ្លាក់នៅ សមុទ្រមេឌីទែរ៉ានេ ជិតប្រទេសក្រិក

បរទេស៖មន្ត្រីរដ្ឋាភិបាលនៃប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧទ្ធម្ភាគចក្រយោធាកាណាដាមួយគ្រឿង ដែលចូលរួមធ្វើសមយុទ្ធយោធាណាតូ នាពេលថ្មីៗនេះ បានជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរតំបន់ឆ្នេររបស់ប្រទេសក្រិក។ 

នៅពេលជួបគ្រោះថ្នាក់ធ្លាក់នោះ ឧទ្ធម្ភាគចក្រ Sikorsky CH-148 Cyclone បានចូលរួមក្នុងប្រតិបត្តិការនៅអឺរ៉ុបតំបន់កណ្ដាលនិងភាគខាងកើត ដើម្បីពង្រឹងកិច្ចការពាររួមគ្នារបស់អង្គការណាតូ ហើយវាត្រូវបានប្រើឲ្យហោះហើរនៅលើតំបន់  HMCS Fredericton និងបានបាត់បង់ទំនាក់ទំនង ក្នុងអំឡុងសមយុទ្ធសម្ពន្ធមិត្ត នៅក្បែរតំបន់ឆ្នេរក្រិក។ 

អគ្គសេនាធិការជាតិក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ កំពុងតែប្រព្រឹត្តទៅ ហើយទូរទស្សន៍រដ្ឋក្រិក ERT បានរាយការណ៍ថា បំណែកឧទ្ធម្ភាគចក្រនោះ ត្រូវបានគេរកឃើញ នៅក្នុងដែនទឹក ជិតកោះ Cephalonia៕ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top