ព្រឹត្តិការណ៍

នាវាចម្បាំងអាមេរិក ធ្វើដំណើរកាត់តាម ក្រុមកោះ Spratly ដើម្បីប្រជែង ចំពោះការអះអាងកម្មសិទ្ធិ ដែនសមុទ្ររបស់ចិន

បរទេស៖ នាវាចម្បាំងសមត្ថភាពមីស៊ីល សហរដ្ឋអាមេរិក USS Bunker តាមសេចក្តីរាយការណ៍ បានធ្វើដំណើរកាត់តាមប្រជុំកោះ នៅដែនទឹកសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ ហើយនេះគឺជាការធ្វើដំណើរ ឆ្លងកាត់ជាលើកទីពីរ នៅក្នុងសប្ដាហ៍នេះ ក្រោយនាវាពិឃាតអាមេរិក USS Barry ត្រូវយោធាចិនបង្ខំ ឲ្យចាកចេញពីក្រុមកោះប៉ារ៉ាសែល។

យោងតាមកងកម្លាំងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាចម្បាំងអាមេរិកនេះ បានធ្វើដំណើរឆ្លងកាត់តាមតំបន់នោះ ដើម្បីតេស្តចំពោះការអះអាង កម្មសិទ្ធិដែនសមុទ្ររបស់ប្រទេសចិន វៀតណាម និងកោះតៃវ៉ាន់ ដែលប្រទេសទាំងអស់នោះ បានអះអាងកម្មសិទ្ធិដូចគ្នា នៅក្នុងជួរកោះមានជម្លោះ។

សេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងនាវាលេខ៧អាមេរិក បាននិយាយដូច្នេះថា “ការអះអាងកម្មសិទ្ធិ ដែនសមុទ្រមិនស្របច្បាប់ នៅក្នុងដែនសមុទ្រចិនខាងត្បូង បង្កឲ្យមានការគម្រាមកំហែងធ្ងន់ធ្ងរ ចំពោះសេរីភាពដែនសមុទ្រ រួមមានទាំងសេរីភាព នាវាចរណ៍និងការហោះហើរពីលើ និងសិទ្ធិធ្វើដំណើរឆ្លងកាត់ របស់នាវាគ្មានកំហុសទាំងអស់”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top