ព្រឹត្តិការណ៍

លោក Pompeo៖ អាមេរិកកំពុងត្រៀម សម្រាប់យថាភាពណាមួយ នៅកូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompoe នៅពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំខ្លួន សម្រាប់យថាភាពណាមួយ នៅក្នុងប្រទេសកូរ៉េខាងជើង ដោយខ្លួនឃ្លាំមើល ប្រទេសកុម្មុយនិស្តមួយនេះ យ៉ាងយកចិត្តទុកដាក់ ស្របពេលមាន សេចក្តីរាយការណ៍ក្រៅផ្លូវការ ស្តីពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ថ្លែងនៅលើកម្មវិធីវិទ្យុ The Scott Sands Show លោក Mike Pompeo បានមានប្រសាសន៍ថា វាមិនមានភាពប្រក្រតីនោះទេ ដែលមេដឹកនាំកូរ៉េខាងជើង នៅតែមិនទាន់បង្ហាញខ្លួនជាសាធារណៈ អស់រយៈពេលជាងពីរសប្ដាហ៍។ “ប៉ុន្តែលើសពីនេះ ខ្ញុំគ្មានអ្វីច្រើន ដែលខ្ញុំអាចចែករំលែក ជាមួយបានទេនៅថ្ងៃនេះ។

យើងកំពុងតែបន្តធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ហើយយើងកំពុងតែធ្វើការងារ ដើម្បីធ្វើឲ្យប្រាកដថា យើងត្រៀមរៀបចំសម្រាប់យថា ភាពអ្វីកើតមានក៏ដោយ លោកប្រធានាធិបតី ត្រាំ បានធ្វើឲ្យប្រាកដថា មានអ្វីកើតឡើងក៏ដោយ ក៏យើងមានបេសកកម្មដ៏សំខាន់មួយ ហើយនោះ គឺដើម្បីអនុវត្តលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងពីប្រទេសសិង្ហបុរី ដែលធានាថា ប្រទេសនោះ មិនមានអាវុធនុយក្លេអ៊ែ និងថា យើងផ្តល់ឲ្យប្រជាជនកូរ៉េខាងជើង នូវអនាគតដ៏រុងរឿងឡើង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top