អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល តួកគីថ្លែងថា កាលពីថ្ងៃសៅរ៍ គេបានរាយការណ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១.៩៨៣នាក់ និង៧៨នាក់បន្ថែមទៀតបានស្លាប់ នៅក្នុងប្រទេសតួកគី ។
លោក Koca បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា សរុបអ្នកឆ្លងមានច្រើននៅក្នុងប្រទេស ដោយបានកើនឡើងដល់១២៤.៣៧៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនដល់៣.៣៣៦នាក់ ។
តួកគី បានធ្វើតេស្តរកវីរុសកូរ៉ូណា ចំនួន៣៦.៣១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកធ្វើតេស្តសរុបមានរហូតដល់១.១១១.៣៦៦នាក់ ។
រដ្ឋមន្ត្រីបានថ្លែងថា លើសពីនេះ អ្នកជំងឺចំនួន៥៨.២៥៩នាក់បានជាសះស្បើយពីជំងឺពីកូវីដ១៩ ទន្ទឹមនឹងនេះ ចំនួន១.៤៤៥នាក់ កំពុងធ្វើការព្យាបាល នៅតាមអង្គភាពថែទាំសុខភាព និង៧៧៨នាក់នៅតាមមណ្ឌលថែទាំជំងឺ ។
តួកគី ត្រូវបានគេរាយការណ៍មកថា បានផ្ទុះជំងឺកូវីដ១៩ជាលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


