ព្រឹត្តិការណ៍

នាវាទ័ពជើងទឹក អាមេរិក ធ្វើទស្សនកិច្ចសមុទ្រ Barents នៅលើតំបន់ រង្វង់អាក់ទិក

បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលទៅក្នុងសមុទ្រ Barents កាលពីថ្ងៃចន្ទថ្មីៗនេះ ដែលស្ថិតនៅចន្លោះប្រទេសន័រវេសនិងប្រទេសរុស្ស៊ី ខាងលើតំបន់រង្វង់អាក់ទិក សម្រាប់ជាលើកដំបូង ចាប់តាំងពីទសវត្សឆ្នាំ១៩៨០មក ។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទ័ពជើងទឹកអាមេរិក បាននិយាយប្រាប់ថា បេសកកម្មនេះ គឺដើម្បីអះអាងពីសេរីភាពនាវាចរណ៍ និងបង្ហាញឲ្យឃើញពីការរួបរួមគ្នាគ្មានប្រេះស្រាំ នៅក្នុងចំណោមសម្ពន្ធមិត្ត។

គួរបញ្ជាក់ថា នាវាពិឃាតសមត្ថភាពមីស៊ីលអាមេរិក USS Donald Cook និង USS Porter នាវាដឹកគ្រឿងផ្គត់ផ្គង់ខ្នាតធំ USNS Supply និងនាវាចម្បាំងអង់គ្លេស HMS Kent បានចូលទៅក្នុងសមុទ្រ Barents ក្រោយធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក នៅក្នុងសមុទ្រន័រវេសដែលនៅក្បែរនោះ ហើយនាវាទាំងនោះ ត្រូវបានចូលរួមដោយនាវា ពិឃាតទ័ពជើងទឹកអាមេរិក USS Roosevelt៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top