បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានចោទប្រកាន់កូរ៉េខាងត្បូង ពីបទផ្សព្វផ្សាយព័ត៌មាន មិនពិត និងពីបទរុញច្រាល សាធារណជន ឲ្យធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ក្រោយមានមន្ទិលសង្ស័យជាច្រើនសប្ដាហ៍ថា លោក គីម ជុងអ៊ុន បានមានជម្ងឺធ្ងន់ ឬក៏បានទទួល មរណភាពហើយ។
ទីភ្នាក់ងារសារព័ត៌មាន របស់ទីក្រុងព្យុងយ៉ាង Meari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីបក្សនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងនានា ក៏ដូចជាទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិនិងកូរ៉េខាងត្បូងផងដែរ ដោយរិះគន់ចំពោះការផ្សព្វផ្សាយ ពាក្យចចាមអារាម ស្តីពីមេដឹកនាំកូរ៉េខាងជើង ដែលមាននៅក្នុងកាសែត ក្រុមអភិរក្សនិយម និងពួកអភិរក្សនិយមជាបក្សប្រឆាំងធំៗ របស់ប្រទេសកូរ៉េខាងត្បូង។
ដោយមិនបាននិយាយដល់លោក គីម ជុងអ៊ុន ឬក៏ពីស្ថានភាពសុខភាពរបស់លោកនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Meari បាននិយាយថា ទង្វើនៃព័ត៌មានមិនពិតទាំងនេះ ផ្តោតលើគោលដៅនយោបាយ និងសេដ្ឋកិច្ច ឬក៏មានចេតនារៀបចំអង្គហេតុមិនពិត ហើយចែកចាយព័ត៌មាននោះ ដើម្បីបំភាន់មតិសាធារណៈ៕
ប្រែសម្រួល៖ប៉ាង កុង
