បរទេស៖ សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការសង្កត់ធ្ងន់ ពីបំណងប្រាថ្នារបស់លោក ឲ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ដែលរួមបញ្ចូលទំាងរុស្ស៊ីនិងចិន នៅក្នុងកិច្ចសន្ទនាគ្នាមួយ តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
តាមសេចក្តីរាយការណ៍ សេតវិមានបាននិយាយប្រាប់ថា “លោកប្រធានាធិបតី ត្រាំ បានធ្វើការអះអាងបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដ៏មានប្រសិទ្ធភាព ដែលរួមបញ្ចូលមិនមែនតែរុស្ស៊ីនោះទេ ប៉ុន្តែរួមទាំងចិនផងដែរ និងទន់ទឹងរង់ចាំកិច្ចពិភាក្សាគ្នា នាពេលអនាគត ដើម្បីចៀសវាងការប្រកួតប្រជែងអាវុធ”។
គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើការលើកឡើង ម្តងហើយម្តងទៀត ឲ្យប្រទេសចិនចូលរួមជាមួយ សហរដ្ឋអាមេរិកនិងរុស្ស៊ី ក្នុងកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ដែលនឹងត្រូវយកមកប្រើជំនួសសន្ធិសញ្ញា New START ធ្វើឡើងក្នុងឆ្នាំ២០១០ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលបានផុតកំណត់កាល ពីខែកុម្ភៈកន្លងទៅ ៕
ប្រែសម្រួល៖ ប៉ាង កុង


