ព្រឹត្តិការណ៍

លោកប្រធាន គីម ជុងអ៊ុន ផ្ញើសារផ្ទាល់មាត់ ជូនប្រធានាធិបតីចិន ស៊ី ជិនពីង

បរទេស៖ ក្រុមអ្នកជំនាញ បាននិយាយកាលពីថ្ងៃសុក្រថា សារជាពាក្យសំដី របស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ទៅកាន់ប្រធានាធិបតីចិន លោកស៊ីជិនពីង បានកោតសរសើរ ចំពោះភាពជោគជ័យ របស់ទីក្រុងប៉េកាំង ទៅលើជំងឺកូវីដ១៩ គឺមានគោលបំណង ធ្វើឱ្យចំណងមិត្តភាពសេដ្ឋកិច្ចទ្វេភាគី ដែលបានធ្លាក់ចុះ ដោយសារតែមេរោគ អាចងើបឡើងវិញ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង បាននិយាយថា កាលពីថ្ងៃសុក្រលោកគីម បានអបអរសាទរ លោកប្រធានាធិបតីស៊ី ដោយវាយតម្លៃខ្ពស់ថា លោកកំពុងឆ្លៀតយកឱកាស នៃជ័យជំនះក្នុងសង្គ្រាម ប្រឆាំងនឹងការរីករាលដាល ដែលមិនធ្លាប់មានពីមុនមក។

លោកគីម ជុងអ៊ុន បានជូនពរលោកស៊ី ជិនពីង ឱ្យមានសុខភាពល្អ ដោយបង្ហាញនូវជំនឿចិត្តថា បក្សកុម្មុយនិស្តចិន និងប្រជាជនចិន នឹងពង្រឹងនូវជោគជ័យ ដែលបានធ្វើកន្លងមក និងពង្រីកវាជាប្រចាំ ហើយដូច្នេះ នឹងទទួលបានជ័យជម្នះចុងក្រោយ ក្រោមការណែនាំដ៏ឈ្លាសវៃ របស់លោកស៊ី។ ទោះយ៉ាងណា សារព័ត៌មានមិនបានបញ្ជាក់ ពីពេលវេលានិងរបៀប ដែលសារត្រូវបានបញ្ជូន ទៅមេដឹកនាំចិននោះទេ។

សូមជម្រាបថា តាមរបាយការណ៍ របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ជាតិកូរ៉េខាងត្បូង (NIS) បានឱ្យដឹងថា របាយការណ៍ អំពីការផ្ញើសារផ្ទាល់មាត់នេះ បានកើតឡើងនៅពេលដែល ជំងឺរាតត្បាតឆ្លងរាលដាល បានបំផ្លាញសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើងភាគច្រើន ដោយសារតែការបិទព្រំដែនរបស់ខ្លួន ជាមួយប្រទេសចិន ។ ពាណិជ្ជកម្មទ្វេភាគីជាមួយចិន មានប្រហែល ៩៥ ភាគរយនៃតម្លៃពាណិជ្ជកម្ម សរុបរបស់កូរ៉េខាងជើង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top