បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី៩ ខែឧសភានេះ បានឲ្យដឹងថា ប្រធានាធិបតីចិន លោកXi បានបង្ហាញពីក្តីបារម្ភខ្លាំង ចំពោះការគម្រាមកំហែង នៃវិរុសកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយក៏បានប្រកាសផ្តល់ជំនួយ ជាច្រើនស្របពេលគ្នា នេះផងដែរ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើង ដោយលោក ប្រធានាធិបតីចិនរូបនេះ ធ្វើឡើងឆ្លើយតបទៅ នឹងលិខិតមួយ ដែលបានផ្ញើពីប្រទេសកូរ៉េខាងជើង ដោយមេដឹកនាំកូរ៉េខាងជើង លោកKim។ សារព័ត៌មានចិនរដ្ឋបានសរសេថា លិខិតពីកូរ៉េខាងជើងមានអត្ថន័យ អបអរសាទរ ចំពោះលោកXi ក្នុងការទប់ទល់ប្រឆាំង នឹងកូវីដ១៩បានជោគជ័យ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាល នៃប្រទេសកូរ៉េខាងជើង នៅតែបានអះអាងថា មិនមានករណី សូម្បីតែមួយឡើយ អំពីជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន ដែលវាបានបង្កើតទៅជាសំណួរ ជាច្រើនសម្រាប់អ្នកជំនាញថា រឿងនេះអាចកើតឡើង ទៅរួចដែរឬទេ។
តាំងតែពីដើម សប្តាហ៍ទី៣ ក្នុងខែមករាកន្លងទៅប្រទេសកូរ៉េខាងជើង បានប្រកាសបញ្ចប់រាល់សកម្មភាព តាមព្រំដែននិងជាពិសេសសកម្មភាព ទេសចរណ៍ទាំងអស់ នៅក្នុងប្រទេស របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺ រាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី