បរទេស៖គេហទំព័រព័ត៌មាន Khabaronline នៅថ្ងៃអាទិត្យនេះ បានដកស្រង់សម្តីលោក Ali Rabiei ជាមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់ត្រៀមលក្ខណៈជាស្រេច សម្រាប់ការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ធ្វើការឆ្លើយតបនឹងសំណើអ៊ីរ៉ង់ ស្តីពីការដោះដូរអ្នកទោសនេះទេ។
យោងតាមកាសែត Khabaronline លោក Ali Rabiei បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងត្រៀមលក្ខណៈជាស្រេច ដើម្បីដោះដូរអ្នកទោសអ៊ីរ៉ង់និងអាមេរិក ហើយយើងបានត្រៀមរៀបចំខ្លួន ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែអាមេរិក មិនទាន់ធ្វើការឆ្លើយតបវិញនៅឡើយនោះទេ”។
មន្ត្រីនាំពាក្យរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់រូបនេះ តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់បន្តទៀតដូច្នេះថា “យងកមានក្តីព្រួយបារម្ភអំពីសុវត្ថិភាពនិងសុខភាពរបស់ពលរដ្ឋអ៊ីរ៉ង់នៅក្នុងពន្ធនាគារ ហើយយើងឲ្យអាមេរិកទទួលខុសត្រូវ ចំពោះសុវត្ថិភាពរបស់ប្រជាជនអ៊ីរ៉ង់ និងការផ្ទុះឆ្លងនៃវីរុសកូរ៉ូណាថ្មី”៕ប្រែសម្រួល៖ប៉ាង កុង