ព្រឹត្តិការណ៍

ការនាំចេញ របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ៤៦,៣ភាគរយរយៈពេល ១០ថ្ងៃដំបូង ដើមខែឧសភា

សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៤៦.៣ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូង នៃខែឧសភា ចំពេលមានការភ្ញាក់ផ្អើល ទៅលើការឆ្លងរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះ មានចំនួន ៦,៩ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែឧសភា បើធៀបនឹង ១២,៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល ១០ ថ្ងៃបានធ្លាក់ចុះ ៣០,២ ភាគរយ ធៀបនឹងឆ្នាំមុន។ ការនាំចេញរបស់កូរ៉េ ពីថ្ងៃទី០១-១០ ខែឧសភាធ្លាក់ចុះ ៤៦,៣ ភាគរយដោយសារ ការរីករាលដាលនៃជំងឺរាតត្បាត ធ្វើឱ្យតម្រូវការសកល មានការធ្លាក់ចុះ។

ទិន្នន័យនេះបានកើតឡើង ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើងដែលថា ជំងឺរាតត្បាតឆ្លងរាលដាល កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ពីប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅអាស៊ីមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top