ព្រឹត្តិការណ៍

ក្រុងសេអ៊ូល បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់របស់ក្លឹប បារ និងអាជីវកម្មកំសាន្តទាំងអស់ ក្រោយរកឃើញ ការឆ្លងកូវីដ១៩ ជាចង្កោម

សេអ៊ូល៖ រដ្ឋាភិបាលទីក្រុង នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យកន្លែងកំសាន្តទាំងអស់ មានដូចជាក្លឹប និងរង្គសាល បញ្ឈប់អាជីវកម្មជាបន្ទាន់ ព្រោះការឆ្លងជាចង្កោម របស់ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងសង្កាត់ Itaewon ដែលមានមនុស្សរស់នៅច្រើន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអភិបាលក្រុងសេអ៊ូល Park Won-soon បានប្រាប់ នៅសន្និសីទសារព័ត៌មានភ្លាមៗថា បទបញ្ជារដ្ឋបាលមួយ ត្រូវបានចេញជាបន្ទាន់ ដើម្បីហាមឃាត់កន្លែងកម្សាន្តទាំងអស់ ដូចជាក្លឹប បារ មិនឱ្យទទួលភ្ញៀវ។

លោក Park Won-soon បាននិយាយថា អគារអាជីវកម្ម ដែលពាក់ព័ន្ធត្រូវតែ បញ្ឈប់អាជីវកម្មជាបន្ទាន់ ហើយនឹងប្រឈម នឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ប្រសិនបើបទបញ្ជាហាមឃាត់នេះ ត្រូវបានរំលោភបំពាន។ បទបញ្ជានេះ នឹងនៅតែមានប្រសិទ្ធភាព រហូតដល់មានការជូនដំណឹង បន្ថែមចេញមក។

បទបញ្ជានេះបានកើតឡើង បន្ទាប់ពីការឆ្លងមេរោគជាចង្កោម ត្រូវបានរកឃើញពីអ្នកជំងឺ ដែលបានទៅលេងក្លឹបនិងបារ នៅ Itaewon ក្នុងទីក្រុងសេអ៊ូល កាលពីចុងសប្តាហ៍មុន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top