បរទេស៖ នៅថ្ងៃពុធ ទី១៣ ខែឧសភា ប្រទេសចិនបានព្រមានចំៗ លើប្រទេសបារាំងថា ដាច់ខាតមិនត្រូវលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលត្រូវបានគេដឹងថា គ្រោងនឹងទិញអាវុធថ្មី ដើម្បីធ្វើឲ្យប្រសើរ ដល់កងនាវាចម្បាំងផលិតនៅបារាំង ដែលកោះនេះ ធ្លាប់បានទិញកាលពី ៣០ ឆ្នាំមុន។
រហូតមកប្រទេសចិន តែងតែបានអះអាង ថាកោះតៃវ៉ាន់ គឺជាផ្នែកមួយប្រទេសរបស់ខ្លួន ហើយគោលការណ៍នេះ ត្រូវតែទទួលយកដោយប្រទេសណាមួយ ដែលមានទំនាក់ទំនង ការទូតជាមួយនឹងខ្លួន។ យើងក៏បានមើលឃើញដែរថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ តែងតែមានភាពរសើបខ្លាំង ហើយតែងតែមានប្រតិកម្មខ្លាំង ពីទីក្រុងប៉េកាំង។
តែទោះជាយ់ាងណាក្តី កោះតៃវ៉ាន់ភាគច្រើន ត្រូវបានបំពាក់ដោយអាវុធ ដែលផលិតនៅសហរដ្ឋអាមេរិក ដោយឡែកកាលពីនៅឆ្នាំ ១៩៩១ បារាំងបានចុះកុងត្រាលក់ នាវាប្រភេទ Lafayette ចំនួន ៦ គ្រឿងទៅឲ្យកោះនេះ ហើយគ្រានោះក៏បានធ្វើឲ្យ ចិនខឹងមិនតិចនោះដែរ។ ក្រោយមកបារាំង ក៏បានលក់យន្តហោះចម្បាំង ទៅឲ្យកោះតៃវ៉ាន់ចំនួន ៦០ គ្រឿងទៀតនៅក្នុងឆ្នាំ ១៩៩២ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

