បរទេស៖អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីនឹងបន្តខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី បើទោះជាមានការវាយប្រហារដោយការហ៊ែកលើប្រព័ន្ធអ៊ីនធឺណេត ដែលធ្វើឲ្យមានគ្មានភាពងាយស្រួលឡើងនោះឡើយ ហើយលោកស្រីបានគិតពីបញ្ហាបែបនេះយ៉ាងហ្មត់ចត់។
នៅពេលត្រូវគេចោទជាសំនួរសួរលោកស្រី ស្តីពីសេចក្តីរាយការណ៍ពាក់ព័ន្ធការហ៊ែកតាមអ៊ីនធឺណេតនោះ លោកស្រី Angela Merkel តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សភាយ៉ាងដូច្នេះថា “ខ្ញុំនៅតែប្រឹងប្រែងឲ្យមានចំណងមិត្តភាពល្អជាមួយប្រទេសរុស្ស៊ី ព្រោះតែខ្ញុំគិតថា មានមូលហេតុគ្រប់គ្រាន់ដើម្បីបន្តកិច្ចប្រឹងប្រែងផ្នែកការទូតរបស់យើង ប៉ុន្តែវាមិនងាយស្រួលនោះទេ”។
គួរបញ្ជាក់ថា ទស្សនាវដ្តី Der Spiegel បានរាយការណ៍កាលពីសប្ដាហ៍មុនថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU របស់ប្រទេសរុស្ស៊ី ហាក់បានឆក់យកអ៊ីម៉ែលជាច្រើន ពីការិយាល័យមណ្ឌលបោះឆ្នោតរបស់លោកស្រី Merkel ក្នុងការវាយប្រហារកាលពីឆ្នាំ២០១៥ ទៅលើរដ្ឋសភាអាល្លឺម៉ង់ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធចំពោះការចោទប្រកាន់អំពីការហ៊ែកនៅបរទេសនានា៕ ប្រែសម្រួល៖ប៉ាង កុង