ឡាសវេហ្គាស៖ គម្រោងថ្មីមួយ ដែលត្រូវចំណាយថវិកាអស់ ១ ពាន់លានដុល្លារ នឹងផ្គត់ផ្គង់ផ្ទះចំនួន ២៦០,០០០ ខ្នងនៅឡាសវេហ្គាស ជាមួយនឹងថាមពល ពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ ធំជាងគេនៅសហរដ្ឋអាមេរិក និងធំជាងគេទី៨ នៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នៅពេលបញ្ចប់គម្រោង ដែលមានទឹកប្រាក់១ ពាន់លានដុល្លារ មានឈ្មោះថា Gemini Solar នឹងក្លាយជាគម្រោង ថាមពលពន្លឺព្រះអាទិត្យធំជាងគេ នៅសហរដ្ឋអាមេរិក និងជាគំរោងធំជាងគេទី ៨ នៅលើពិភពលោក។
យោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផែនការសាងសង់រយៈពេល៣ឆ្នាំនេះ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ច ចំនួន៧១៣ លានដុល្លារ សម្រាប់ប្រជាជននៅឡាសវេហ្គាស ក្នុងនោះរួមមានការងារ សាងសង់ថ្មីចំនួន ៩០០ កន្លែង និងការងារចំនួន ១,១០០ ផ្សេងទៀត នៅក្នុងតួនាទីរដ្ឋបាល និងជំនួយ។
បើយោងតាមរបាយការណ៍ថា នៅពេលដែលគម្រោងបញ្ចប់ នៅខែធ្នូ ឆ្នាំ២០២៣ រោងចក្រនេះ នឹងត្រូវការកម្មករពេញម៉ោងចំនួន១៩ នាក់ប៉ុណ្ណោះ ដើម្បីធ្វើប្រតិបត្តិការ។ លោក Casey Hammond បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះ គឺចង់ឲ្យជនជាតិអាមេរិកត្រឡប់ ទៅធ្វើការពង្រឹងសហគមន៍ និងលើកកម្ពស់ការវិនិយោគ លើថាមពលអាមេរិក៕ ដោយ៖លី ភីលីព