ហាណូយ៖ យោងតាមក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអនុញ្ញាតឱ្យមានការ បើកឡើងវិញ នូវច្រកទ្វាររង និងព្រំដែនឆ្លងកាត់សកម្មភាព ពាណិជ្ជកម្មឡើងវិញ រវាងវៀតណាមនិងចិន។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុញ្ញាតនេះ ត្រូវបានចេញបន្ទាប់ពីមាន សំណើពីក្រសួង និងគណៈកម្មាធិការប្រជាជន នៃខេត្ត ឡាងសុន និងខេត្ត ហ្គាងនិញ ស្តីពីការវិលត្រឡប់សកម្មភាព ទាំងនោះទៅរកភាពធម្មតាវិញ នៅច្រកព្រំដែន រវាងប្រទេសទាំងពីរ។
ច្រកដែលបើកទាំងនោះ រួមមានច្រកព្រំដែន Bình Nghi, Na Hình, Nà Nưa, Pò Nhùng និងច្រកព្រំដែន Bắc Phong Sinh ។
នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិការប្រជាជននៃខេត្តជាប់ព្រំដែនចាប់ផ្តើមប្រតិបត្តិការ នៃច្រកព្រំដែនរង និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន ផ្សេងទៀត នៅក្នុងខេត្តទាំងនោះដោយផ្អែកលើស្ថានភាពក្នុងតំបន់ និងបទប្បញ្ញត្តិដែលមានស្រាប់របស់រដ្ឋាភិបាល លើការគ្រប់គ្រងច្រកព្រំដែនដីធ្លី និងសកម្មភាពពាណិជ្ជកម្មតាមព្រំដែន៕
ប្រែសម្រួលៈ ណៃ តុលា