សេអ៊ូល៖ ក្រុមប្រឆាំងអាវុធនុយក្លេអ៊ែរអន្តរជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា បានចំណាយថវិកាចំនួន ៦២០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនកាលពីឆ្នាំមុន។
យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលជាអង្គការ ឈ្នះរង្វាន់ណូបែលសន្តិភាព បានធ្វើការប៉ាន់ស្មាន នៅក្នុងរបាយការណ៍ អំពីការចំណាយ ដែលប្រទេសចំនួន ៩ រួមទាំងប្រទេសកូរ៉េខាងជើង បានធ្វើលើការអភិវឌ្ឍនុយក្លេអ៊ែរ។
តួលេខនេះ ត្រូវបានគេយកមក ផ្អែកលើការប៉ាន់ប្រមាណ របស់ក្រុមអ្នកគិតកូរ៉េខាងត្បូង ដែលថាកូរ៉េខាងជើងចំណាយ ៣៥ ភាគរយ នៃប្រាក់ចំណូលជាតិសរុប របស់ខ្លួន (GNI) ទៅលើយោធារបស់ខ្លួន ក្នុងឆ្នាំ២០០៩ ក៏ដូចជាទិន្នន័យពី Global Zero ដែលជាក្រុមប្រឆាំង អាវុធនុយក្លេអ៊ែរមួយទៀត ដែលថាកូរ៉េខាងជើង គេជឿថាបានចំណាយ ៦ ភាគរយនៃថវិកាយោធា សម្រាប់ការអភិវឌ្ឍនុយក្លេអ៊ែរ ក្នុងឆ្នាំ២០១១ ៕ ដោយ៖ ឈូក បូរ៉ា