ព្រឹត្តិការណ៍

អាមេរិក កំពុងពិចារណា ដាក់ពង្រាយឡើងវិញ នុយក្លេអ៊ែររបស់ខ្លួន ពីអាល្លឺម៉ង់ដល់ ប្រទេសប៉ូឡូញ ដែលនៅជិតព្រំដែនរុស្ស៊ី

បរទេស៖ ប្រេសិតអាមេរិកប្រចាំ នៅប្រទេសប៉ូឡូញ លោកស្រី Georgette Mosbacher បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Warsaw អាចយល់ព្រមធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរ អាមេរិក នៅអឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ បដិសេធមិនធ្វើដូច្នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីបានបញ្ជាក់ តាមរយៈបណ្តាញសង្គមធ្វីតទ័រថា « ប្រសិនបើប្រទេសអាល្លឺម៉ង់ ចង់កាត់បន្ថយសក្តានុពល នុយក្លេអ៊ែររបស់ខ្លួន និងធ្វើឱ្យណាតូចុះខ្សោយនោះ ប្រហែលជាប្រទេសប៉ូឡូញ ដែលបំពេញកាតព្វកិច្ច [ហិរញ្ញវត្ថុ] ដោយស្មោះត្រង់យល់ពីហានិភ័យ នៃកងទ័ពផ្នែកខាងកើត របស់ណាតូ អាចធ្វើជាម្ចាស់ផ្ទះសក្តានុពលនេះ» ។

យ៉ាងណាក៏ដោយ ក្រុមមន្រ្តីប៉ូឡូញមិនទាន់ឆ្លើយតប នឹងសំណូមពររបស់លោកស្រី Mosbacher នៅឡើយទេ។ មុននេះប្រទេស ប៉ូឡូញ មានចិត្តចង់ធ្វើជាម្ចាស់ផ្ទះកងទ័ពអាមេរិក ដោយសន្យាថា នឹងសាងសង់ « Fort Trump »សម្រាប់គោលបំណងនោះហើយ ចំណាយសម្រាប់វា ដោយប្រាក់ផ្ទាល់ខ្លួន។ ប្រទេសរុស្ស៊ី ដែលតែងតែប្រឆាំងនឹងការពង្រីក ភាគខាងកើតរបស់ណាតូ និងការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅជិតព្រំដែនរបស់ខ្លួន នោះ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយ ចំពោះការកត់សម្គាល់នេះ នោះទេ។

ការលើកឡើងរបស់លោកស្រី Mosbacher ធ្វើឡើងដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ របស់ប្រេសិតទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសអាល្លឺម៉ង់ និងប្រមុខចារកម្ម ស្តីទីសហរដ្ឋអាមេរិក គឺលោក Richard Grenell ដែលបានអំពាវនាវ ដល់រដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ឱ្យរក្សាអាវុធនុយក្លេអ៊ែររបស់អាមេរិក ដែលលោកបានចាត់ទុកថា ជាការរារាំងចំពោះការឈ្លានពាន ដែលត្រូវបានចោទប្រកាន់ទៅលើរុស្ស៊ី ចិននិង កូរ៉េខាងជើង។ លោកបានបន្តរិះគន់គំនិតដកនុយក្លេអ៊ែរ អាមេរិកចេញពីប្រទេសអាល្លឺម៉ង់ គឺជាអ្វីដែលថ្មីៗនេះត្រូវបានពិភាក្សា ដោយអ្នកនយោបាយអាល្លឺម៉ង់ ដោយនិយាយថា វាជាការក្បត់ នៃការប្តេជ្ញាចិត្តរបស់ណាតូនៅប៊ែរឡាំង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top