បរទេស៖ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយ ថា រដ្ឋបាលរបស់លោក កំពុងពិចារណាលើសំណើជាច្រើន អំពីអង្គការសុខភាពពិភពលោក ក្នុងនោះគឺមានទាំងការត្រឡប់ផ្តល់មូលនិធី ក្នុងទំហំកម្រិត ដូចលើកមុនផងដែរ។
នៅក្នុងការបង្ហោះមួយ នៅក្នុងបណ្តាញសង្គម Twiiter លោកត្រាំ បានបញ្ជាក់ថា នៅមិនទាន់មានការសម្រេចចិត្ត ជាផ្លូវការនៅឡើយ ដែលត្រូវបានធ្វើឡើង។ រំលឹកដែរថា កាលពីថ្ងៃទី១៤ ខែមេសាកន្លមក លោកត្រាំ បានសម្រេចចិត្តដកមូលនិធី ពីអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់ថា អង្គការនេះពាក់ព័ន្ធនឹងចិន ក្នុងការដោះស្រាយ បញ្ហាកូវីដ១៩យឺតយ៉ាវ។
គួរឲ្យដឹងដែរថាសារព័ត៌មាន Fox News បានដកស្រង់សេចក្តីព្រាងលិខិតមួយ ដែលបានរាយការណ៍ កាលពីល្ងាចថ្ងៃសុក្រថា លោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់មូលនិធិមួយ ផ្នែកដល់អង្គការសុខភាពពិភពលោកឡើងវិញ ដោយវាមានទំហំស្មើនឹងវិភាគទាន ដែលធ្លាប់បានវាយតម្លៃ ដោយប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី

