BBC៖ រដ្ឋាភិបាលអ៊ីតាលី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងអនុញ្ញាតឱ្យ ធ្វើដំណើរទៅនិងមក ពីប្រទេសនេះចាប់ពីថ្ងៃទី ៣ ខែមិថុនា នៅពេលដែលប្រទេសនេះ ផ្លាស់ប្តូរវិធានការ បន្ធូរបន្ថយការឆ្លង មេរោគវីរុសកូរ៉ូណា ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ៊ីតាលី ក៏នឹងអនុញ្ញាតឱ្យមានការ ធ្វើដំណើររវាងតំបន់នានា ដែលធ្លាប់ត្រូវបានរឹតត្បិត យ៉ាងតឹងរឹងពីថ្ងៃដដែលនោះ។
ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអ៊ីតាលី ដើម្បីបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីការបិទប្រទេសអស់ រយៈពេលជាងពីរខែមកនេះ ។
សូមជម្រាបថា ប្រទេសអ៊ីតាលីគឺ ជាប្រទេសមួយ ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ប៉ុន្តែអត្រាឆ្លងរបស់វា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មនុស្សជាង ៣១.៦០០ នាក់បានស្លាប់ ដោយសារវីរុស នៅក្នុងប្រទេសនេះដែលជាតួលេខខ្ពស់បំផុត ទីបីនៅពីក្រោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕
ប្រែសម្រួលៈ ណៃ តុលា