បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី កំពុងតែបង្កើតមន្ទីរពេទ្យចល័តមួយ នៅអណ្ដូងរ៉ែស៊ីបេរីដ៏ធំបំផុតនៃកំពូលក្រុមហ៊ុនផលិតមាស Polyus ដើម្បីព្យាបាយកម្មករអណ្ដូងរ៉ែ ដែលបានឆ្លងមេរោគកូរ៉ូណា នេះបើយោងតាមសម្តីរបស់ក្រុមហ៊ុននិយាយប្រាប់ឲ្យដឹង។
ក្រុមហ៊ុន Polyus តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ទីរពេទ្យចល័តនេះ នឹងមានសមត្ថភាពអាចព្យាបាលមនុស្សដល់ទៅចំនួន១.១០០នាក់ នៅអណ្ដូងរ៉ែ Olimpiada ដែលមានទីតាំងស្ថិតនៅចម្ងាយ៥៥០គីឡូម៉ែត្រ ខាងជើងទីក្រុង Krasnoyarsk។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីផលិតលោហៈជាច្រើន សម្រាប់ទីផ្សារពិភពលោក ហើយការសម្រេចចិត្តបើកមន្ទីរពេទ្យចល័តដល់កន្លែងអណ្តូងរ៉ែនេះ គូសបង្ហាញឲ្យឃើញអំពីក្តីព្រួយបារម្ភរបស់ទីក្រុងមូស្គូ ក្នុងដំណើររក្សាផលិតកម្មឲ្យមានភាពរលូត ស្របពេលមានការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩៕ ប្រែសម្រួល៖ប៉ាង កុង

