សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចផ្អាក ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត លើសមុទ្រដ៏ធំមួយ ដែលគ្រោងធ្វើនៅដើមសប្តាហ៍នេះ ដោយសារតែស្ថានភាព អាកាសធាតុមិនអំណោយផល។
កងទ័ពអាកាស និងកងទ័ពជើងទឹក បានគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃទីក្រុងអ៊ូជីននៅថ្ងៃអង្គារនេះ ដែលពាក់ព័ន្ធ នឹងទ្រព្យសម្បត្តិសំខាន់ៗដូចជា មីស៊ីលផ្លោង នាវាប្រយុទ្ធ និងយន្តហោះចម្បាំង។
ប៉ុន្តែយោធាបានសម្រេចចិត្ត បញ្ឈប់សមយុទ្ធនេះ ដោយធ្វើឱ្យមន្រ្តីជំនាញ មានការព្រួយបារម្ភហួសហេតុ អំពីការតវ៉ា ដែលអាចកើតមានពីកូរ៉េខាងជើង ខណៈការសម្រេចនេះ បានកើតឡើង បន្ទាប់ពីយោធាកូរ៉េខាងជើង បានប្រតិកម្មយ៉ាងខ្លាំង ចំពោះសមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹក និងអាកាសនៅសមុទ្រលឿង កាលពីដើមខែនេះ៕ ដោយ៖ ឈូក បូរ៉ា
