បរទេស៖ កងទ័ពការពារជាតិជើងគោកជប៉ុន នឹងទទួលបានកាំភ្លើងថ្មី សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៨៩មក ដើម្បីការពារក្រុមកោះនានា នៅភាគនិរតីនៃប្រទេស នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុន នៅក្នុងសប្ដាហ៍នេះ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាំភ្លើងថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា កាំភ្លើងវាយប្រហារ Type 20 ព្រោះតែពួកវា ត្រូវបានផលិតក្នុងថវិកាឆ្នាំ២០២០ និងចេញបង្ហាញនាថ្ងៃចន្ទ នៅក្រសួងការពារជាតិ ក្នុងទីក្រុងតូក្យូ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងចំណាយប្រាក់ ប្រហែល៨,៣លានដុល្លារអាមេរិក ដើម្បីទិញយកកាំភ្លើងថ្មីនេះ ចំនួន៣.០០០ដើម នៅក្នុងឆ្នាំនេះ ដោយមួយដើមមាន តម្លៃ២.៦០០ដុល្លារ ហើយកងទ័ពជប៉ុន ត្រូវបានគេរំពឹងថា នឹងទទួលបានកាំភ្លើងថ្មី នៅក្នុងឆ្នាំ២០២១៕ ប្រែសម្រួល៖ប៉ាង កុង




