ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ចិន នឹងបន្តពង្រីក ការចូលទៅកាន់ទីផ្សារ និងបើកសេវាកម្មរបស់ខ្លួន ទោះបីជាមានផលប៉ះពាល់ ពីជំងឺកូវីដ១៩ក្តី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បានលើកឡើង កាលពីថ្ងៃច័ន្ទថា ប្រទេសចិន នឹងបន្តពង្រីកការចូលទៅកាន់ទីផ្សារ និងបើកផ្នែកសេវាកម្មរបស់ខ្លួន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបានស្ថិរភាព លើការវិនិយោគបរទេស ក្នុងគ្រាមានការរីករាលដាល នៃជំងឺកូវីដ១៩ ។

ដោយបានកត់សម្គាល់ថា ជំងឺរាតត្បាតបាននាំមក នូវបញ្ហាប្រឈមនានា ដល់ការវិនិយោគឆ្លងដែន ដោយចៀសមិនរួចឡើយ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានមួយថា ប្រទេសចិន នឹងចាត់វិធានការផ្សេងៗ ដើម្បីស្ថិរភាពលើការវិនិយោគបរទេស ។

លោក Zhong បានថ្លែងថា ប្រទេសចិន នឹងផ្តល់នូវការលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគបរទេស ចូលទៅក្នុងតំបន់ភាគកណ្តាល និងភាគខាងលិចរបស់ប្រទេស ក៏ដូចជាមូលដ្ឋានឧស្សាហកម្មចាស់ នៅក្នុងតំបន់ភាគឦសាន ដែលមានសក្តានុពលអភិវឌ្ឍន៍យ៉ាងច្រើន ដោយមានជំនួយ ពីវិធានការគាំទ្ររបស់រដ្ឋាភិបាល ។

ប្រទេសចិន នឹងពង្រីកវិសាលភាព នៃតំបន់ពាណិជ្ជកម្មសេរីសាកល្បង ផ្តល់ឱ្យពួកគេនូវស្វ័យភាពកាន់តែច្រើន នៅក្នុងការធ្វើកំណែទម្រង់របស់ពួកគេ និងបង្កើនការកសាង កំពង់ផែពាណិជ្ជកម្មសេរី នៅក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ។

លោកបានមានប្រសាសន៍ថា ក្រសួងក៏នឹងផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តច្បាប់វិនិយោគបរទេស បង្កើតបរិយាកាសទីផ្សារ ដែលមានការប្រកួតប្រជែង និងយុត្តិធម៌ សម្រាប់វិនិយោគិនបរទេស ។ លោកបានសង្កត់ធ្ងន់ថា “គ្មានសហគ្រិនឆ្លាតណាម្នាក់ នឹងបោះបង់ចោលទីផ្សារចិន ដ៏ធំនោះទេ”៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top