បរទេស៖យន្តហោះទម្លាក់គ្រាប់ទំនើប B1-B Lancer ពីរគ្រឿងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានហោះហើរអមដោយយន្តហោះចម្បាំងរបស់ប្រទេសអង់គ្លេស ស៊ុយអែត និងន័រវេស ក្នុងខណៈយន្តហោះទាំងនោះ ធ្វើសមយុទ្ធហ្វឹកហាត់ហោះហើរចម្ងាយឆ្ងាយ នៅអឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញនេះ។
មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមរិកមួយរូបបាននិយាយប្រាប់ថា យន្តហោះទម្លាក់គ្រាប់ទាំងពីរគ្រឿង ដែលជាផ្នែកនៃកងកម្លាំងទម្លាក់គ្រាប់លេខ២៨ បានហោះហើរចាកចេញពីទីតាំងរបស់ខ្លួន នៅមូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋដាកូតាខាងត្បូង បានហោះហើរទៅតំបន់ណ័រឌីកនៅអឺរ៉ុប និងបានវិលត្រឡប់មកវិញដោយមិនឈប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍អាមេរិក Jeff Harrigian ជាមេបញ្ជាការកងទ័ពអាកាសអាមេរិកនៅអឺរ៉ុបនិងកងទ័ពអាកាសនៅអាហ្វ្រិក បាននិយាយថា “បេសកកម្មហ្វឹកហាត់យន្តហោះទម្លាក់គ្រាប់ចម្ងាយឆ្ងាយនេះ ពង្រឹងភាពជាដៃគូដ៏ស្ថិតថេររបស់យើង ជាមួយសម្ពន្ធមិត្តនៅទូទាំងអឺរ៉ុបនិងអាហ្វ្រិក និងបង្ហាញសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបពីទីកន្លែងណាមួយលើពិភពលោក”៕ប្រែសម្រួល៖ប៉ាង កុង