បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតគ្រឿង បរិក្ខារធំបំផុតមួយ របស់ជប៉ុន Panasonic Corp បានប្រកាសថា នៅឆ្នាំក្រោយខ្លួននឹងផ្លាស់ប្តូរ ការផលិតម៉ាស៊ីនទូទឹកកក និងម៉ាស៊ីនបោកគក់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ហើយនឹងបញ្ឈប់កម្មករ ប្រហែល ៨០០ នាក់នៅក្នុងពេលនេះ។
ក្រុមហ៊ុនបានធ្វើសេចក្តី ថ្លែងការណ៍ Panasonic នឹងរៀបចំទីតាំង ផលិតកម្មទំនិញពណ៌សទាំងអស់របស់ខ្លួន នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដដែល ប៉ុន្តែនឹងផ្ទេរផលិតកម្មម៉ាស៊ីនបោកគក់ និងទូទឹកកកនៅក្នុងប្រទេសថៃ ទៅប្រទេសវៀតណាមជំនួសវិញ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា ដោយឡែកការកាត់បន្ថយ បុគ្គលិកទាំង៨០០នាក់ គឺដើម្បីធ្វើឲ្យប្រសើរឡើង នៃចំណាយថ្លៃដើមរបស់ខ្លួន ខណៈដែលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំង នៅក្នុងប្រទេសថៃ ក៏នឹងត្រូវបិទជាផ្លូវការ នៅក្នុងឆ្នាំ២០២១ ខាងមុខនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី