បរទេស ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានព្រមានកោះតៃវ៉ាន់ ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា លោកស្រីច្រានចោល ការទាមទារ របស់ទីក្រុងប៉េកាំង ដែលឲ្យទីក្រុងតៃប៉ិ រួបរួមគ្នាជាថ្មី ជាមួយចិន ក្រោមសំណើ “ប្រទេសមួយប្រព័ន្ធពីរ” មិនទទួលស្គាល់អធិបតេយ្យភាព កោះតៃវ៉ាន់ ។
លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋ របស់ទីក្រុងប៉េកាំង បានថ្កោលទោសរិះគន់ គណបក្សអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ត្សៃ អ៊ីងវិន ក្រោយលោកស្រី បានស្បថចូលកាន់តំណែង ក្នុងអាណត្តិទីពីរ របស់លោកស្រី ។
តាមសេចក្តីរាយការណ៍ លោក Ma Xiaoguang បាននិយាយថា លោកស្រី ត្សៃ អ៊ីងវិន និងអ្នកនយោបាយបក្ស កាន់អំណាច មិនទទួលស្គាល់មតិរួមជា ឯកច្ឆ័ន្ទឆ្នាំ១៩៩២ ជាពេលដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាថា មានប្រទេសចិនតែមួយគត់ ហើយដោយការបដិសេធ ទទួលស្គាល់កិច្ចព្រមព្រៀង នយោបាយអតីតកាលនេះ ទីក្រុងតៃប៉ិ កំពុងតែបំផ្លិចបំផ្លាញជាឯកតោភាគី ចំពោះមូលដ្ឋានគ្រឹះនយោបាយ នៃចំណងមិត្តភាពឆ្លងច្រកសមុទ្រនេះ ៕
ប្រែសម្រួល៖ប៉ាង កុង