បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ប្រហែលជាអាចនឹងបើកចំហអនុញ្ញាតឲ្យ នាវាកូរ៉េខាងជើង ធ្វើដំណើរឆ្លងកាត់តាមតំបន់ភាគខាងត្បូងនៃឧបទ្វីប ដែលនាពេលបច្ចុប្បន្ននេះ ត្រូវបានហាមឃាត់ ក្រោមចំណាត់ការនាថ្ងៃទី២៤ ខែឧសភា របស់ទីក្រុងសេអ៊ូល។
មន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង លោក Yeo Sang-gi បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា ការទំនាក់ទំនងពាក់ព័ន្ធ រឿងដែនសមុទ្រ នឹងជារឿងចាំបាច់ រវាងប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង ប្រសិនបើនាវាកូរ៉េខាងជើង ស្វះស្វែងសុំធ្វើដំណើរ តាមផ្លូវទឹកកូរ៉េខាងត្បូង នៅជិតកោះ Jeju។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Yeo Sang-gi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើកិច្ចព្រមព្រៀង ស្តីពីនីតវិធីទំនាក់ទំនងដែនសមុទ្រនោះត្រូវបានសម្រេចនោះ ការធ្វើដំណើរតាមសមុទ្រ រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គឺការធ្វើដំណើររបស់កប៉ាល់នានា នឹងក្លាយជារឿងអាចទៅរួច” ៕
ប្រែសម្រួល៖ ប៉ាង កុង