បរទេស៖ប្រសិតអង្គការណាតូ នឹងពិភាក្សាគ្នាអំពីអនាគតនៃសិទ្ធិសញ្ញាជើងមេឃចំហ នៅថ្ងៃសុក្រនេះ ក្រោយសហរដ្ឋអាមេរិកប្រកាសថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការហោះហើរចារកម្មគ្មានអាវុធ នៅលើប្រទេសដែលចូលរួមក្នុងសន្ធិសញ្ញានេះ។
មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនិយាយថា ប្រទេសរុស្ស៊ី បានបំពានជាច្រើនលើកជាច្រើនសារ លើលក្ខខណ្ឌក្នុងសន្ធិសញ្ញានេះនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញជាផ្លូវការ ពីសន្ធិសញ្ញាជើងមេឃចំហនោះ នៅក្នុងរយៈពេល៦ខែទៀត។
គួរបញ្ជាក់ថា សម្ពន្ធមិត្តសហរដ្ឋអាមេរិក នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានជំរុញទីក្រុងវ៉ាស៊ីនតោន មិនឲ្យដកខ្លួនចេញពីសន្ធិសញ្ញាជើងមេឃចំហ ដែលឲ្យមានការហោះហើរគ្មានអាវុធ ក្នុងគោលបំណងជំរុញបង្កើនទំនុកចិត្ត និងផ្តល់ឲ្យសមាជិកនូវការព្រមានជាមុន ស្តីពីការវាយប្រហារយោធា៕ ប្រែសម្រួល៖ប៉ាង កុង