បរទេស៖ នៅពេលនាវា ដឹកប្រេងអ៊ីរ៉ង់ជាច្រើន ចូលមកជិតសមុទ្រការ៉ាប៊ីន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានបញ្ជូនមីស៊ីលប្រឆាំងដែនអាកាស និងមីស៊ីលរយៈចម្ងាយឆ្ងាយ ទៅកាន់កោះមួយចំនួន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ចំពេលមានការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងព្យាយាម ស្ទាក់ចាប់នាវា ដែលដឹកឥន្ធនៈទាំងនោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកម៉ាឌូរ៉ូ បានប្រកាសនៅឯសន្និសីទកាសែតមួយ ជាមួយមេដឹកនាំយោធាថា «យើងបានឃើញ ការធ្វើសមយុទ្ធយោធា … នៅលើកោះឡា La Orchila ដោយការធ្វើតេស្ត ប្រព័ន្ធមីស៊ីលច្បាស់លាស់បំផុត សម្រាប់ការពារដែនទឹក និងឆ្នេរ» ។
កោះនេះស្ថិតនៅចម្ងាយ ប្រមាណ ៨០ ម៉ាយល៍ ភាគខាងជើង នៃដីគោកវេណេស៊ុយអេឡា និងមានស្ថានីយ៍អាកាសAntonio Diaz។
លោក ម៉ាឌូរ៉ូ បាននិយាយថា « យើងបានសាកល្បងមីស៊ីល ប្រភេទ Buk របស់រុស្ស៊ី ដែលមានភាពជាក់លាក់” ។ យើងបានត្រៀមរួចរាល់ សម្រាប់អ្វីក៏ដោយនិងគ្រប់ពេលវេលា»៕ ប្រែសម្រួលៈ ណៃ តុលា