ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាប មេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវសម្ភារៈ ការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។
នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា “ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈ ត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែ ក្រោកឈរឡើង និងឆ្លើយតបទៅតាម ការអំពាវនាវ ឲ្យបានទាន់ពេលវេលា។
“ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយ ក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភ ដល់សហគមន៍ ដែលយើងកំពុងបម្រើជាបន្តទៀត។
លោក Chen បានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលសម្ភារការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាព ប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈម នឹងហានិភ័យបំផុត និងជួយទប់ស្កាត់ ការរាលដាល ដល់សហគមន៍របស់យើង”។
លោក សេង ឡូត អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសម្ភារៈ ការពារមេរោគកូវីដ-១៩ ពីណាហ្គាវើលដ៍ បេះដូងសប្បុរស តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។ ឯកឧត្តម បានឲ្យដឹងថា “ណាហ្គាវើលដ៍បានបង្ហាញ នូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវ ដ៏មានសារសំខាន់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង បង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់ លិខិតថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ ចំពោះការឧបត្ថម្ភ ដ៏មានអត្ថន័យនេះ។ សម្ភារៈទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជន នៅក្នុងសហគមន៍ជាច្រើន នៅក្នុងគ្រាដ៏លំបាកនេះ”។
សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារៈ ការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍ បេះដូងសប្បុរស ក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំង នឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕