ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីអង់គ្លេស បញ្ជាឱ្យរៀបចំ ផែនការបញ្ចប់ ការពឹងផ្អែក ការនាំចូល ពីប្រទេសចិន

បរទេស៖ កាសែត The Times បានរាយការណ៍ នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានណែនាំដល់មន្ត្រីរាជការទាំងអស់ ឱ្យមានផែនការបញ្ចប់ ការពឹងពាក់របស់ចក្រភពអង់គ្លេស លើប្រទេសចិន សម្រាប់ការផ្គត់ផ្គង់ វេជ្ជសាស្រ្តសំខាន់ៗ និងការនាំចូល ជាយុទ្ធសាស្រ្តផ្សេងទៀត ចំពេលមានការផ្ទុះឡើង ជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គម្រោងបញ្ចប់នេះ មានឈ្មោះកូដថា “ គម្រោងការពារ” រួមមានការកំណត់អត្តសញ្ញាណ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច របស់ចក្រភពអង់គ្លេស ចំពោះរដ្ឋាភិបាលបរទេស ដែលមានអរិភាព ដែលជាផ្នែកមួយ នៃវិធីសាស្រ្តថ្មី កាន់តែទូលំទូលាយ ចំពោះសន្តិសុខជាតិ។ កាសែតបានរាយការណ៍ បន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែង កំពុងត្រូវបានដឹកនាំ ដោយរដ្ឋមន្រ្តីក្រសួងការបរទេស លោក Dominic Raab។

ក្រុមការងារចំនួនពីរ ត្រូវបានបង្កើតឡើង ជាផ្នែកមួយនៃគម្រោងនេះ ដោយប្រភពមួយ បានប្រាប់កាសែត The Times ថាគោលបំណង គឺដើម្បីធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់ ដើម្បីលែងពឹងផ្អែក លើប្រទេសនីមួយៗ សម្រាប់របស់របរ ដែលមិនមែនជាអាហារ។

លោកនាយករដ្ឋមន្រ្តី Johnson បានប្រាប់សមាជិកសភាថា លោកនឹងចាត់វិធានការ ដើម្បីការពារមូលដ្ឋាន បច្ចេកវិទ្យារបស់អង់គ្លេស ដោយរដ្ឋាភិបាលបានរំពឹងថា នឹងរួមបញ្ចូលទាំងឧបករណ៍ ការពារផ្ទាល់ខ្លួន និងឱសថផងដែរ។

សូមជម្រាបថា ការអភិវឌ្ឍនេះ បានកើតឡើងនៅពេលដែល ទីក្រុងប៉េកាំង កំពុងដោះស្រាយ នូវការរិះគន់ជាអន្តរជាតិ ជុំវិញការដោះស្រាយរបស់ខ្លួន ចំពោះការផ្ទុះឡើង នៃវីរុសនេះ ដែលបានចាប់ផ្តើម នៅក្នុងប្រទេសចិន មុនពេលរីករាលដាល ដល់ពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top