បរទេស៖ សារព័ត៌មានរ៉យទ័រ បានផ្សាយថា វ៉ាក់សាំងប្រឆាំងនឹងមេរោគ ដែលមានសង្ឃឹមបំផុត នឹងត្រូវធ្វើតេស្ត លើមនុស្សជាង ១០០.០០០ នាក់ ដែលនឹងចាប់ផ្តើម នៅក្នុងខែកក្កដា នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត នៅសហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ ដែលកំពុងដំណើរការកម្មវិធីនេះ បានប្រាប់រ៉យទ័រថា សហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បង ដ៏ធំមួយ នៃវ៉ាក់សាំងប្រឆាំងមេរោគ Covid-19 ដែលមានសង្ឃឹមបំផុត ទៅលើអ្នកស្ម័គ្រចិត្តជាង ១០០,០០០ នាក់។
បទពិសោធន៍នេះ នឹងកាត់បន្ថយពេលវេលា ដែលត្រូវការ ដើម្បីផលិតនិងសាកល្បងវ៉ាក់សាំង ពីរយៈពេល ១០ឆ្នាំ មកត្រឹមពីរបីខែប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបាននិយាយថា អ្នកផលិតសំខាន់ បានយល់ព្រមផ្លាស់ប្តូរលទ្ធផល នៃការសាកល្បងគ្លីនិក របស់ពួកគេ ដើម្បីអនុញ្ញាតឱ្យដៃគូប្រកួតប្រជែងប្រើវា ប្រសិនបើម៉ូលេគុល មិនមានប្រសិទ្ធភាព។
គំរូដើមវ៉ាក់សាំង សម្រាប់ម៉ូលេគុលនីមួយៗ នឹងត្រូវធ្វើតេស្តលើមនុស្ស ២០.០០០ នាក់ ទៅ ៣០.០០០ នាក់ ចាប់ពីខែកក្កដា ។ ដំបូងអ្នកផលិត នឹងត្រូវបញ្ជាក់ពីសុវត្ថិភាពរបស់ពួកគេ។
វេជ្ជបណ្ឌិត Larry Corey អ្នកជំនាញផ្នែកវ៉ាក់សាំង នៅមជ្ឈមណ្ឌលជំងឺមហារីក Fred Hutchinson នៃរដ្ឋ Seattle បាននិយាយថា សរុបមក មនុស្សពី ១០០.០០០ នាក់ ទៅ ១៥០,០០០ នាក់នឹងចូលរួមក្នុងការសិក្សានេះ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញថវិកា រាប់ពាន់លានដុល្លារ ដើម្បីជួយអភិវឌ្ឍវ៉ាក់សាំង៕
ប្រែសម្រួលៈ ណៃ តុលា