សេអ៊ូល៖ អ្នកជំនាញលើកឡើងថា ជំហានដែលអាចកើតមានបំផុត របស់កូរ៉េខាងជើង អាចជាមធ្យោបាយមួយ ក្នុងការជំរុញសមត្ថភាពនុយក្លេអ៊ែរ គឺការបាញ់មីស៊ីលបាញ់ ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងឆ្លងទ្វីបថ្មី (SLBM) ទោះបីជារបបនេះត្រូវបានគេរំពឹងថា នឹងដើរទៅមុខយ៉ាងលំបាក មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកក៏ដោយ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិម របស់កូរ៉េខាងជើង បានរាយការណ៍ថា បន្ទាប់ពីអវត្តមាន រយៈពេលមួយសប្តាហ៍ ពីសាធារណៈមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានកោះប្រជុំ គណៈកម្មាធិការយោធាកណ្តាល នៃគណបក្សពលករ កំពុងកាន់អំណាច និងបានពិភាក្សាអំពី “គោលនយោបាយថ្មី សម្រាប់ការបង្កើនការទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀត” ។
ការប្រកាសនេះ បានទាក់ទាញចំណាប់អារម្មណ៍ថ្មី ចំពោះការព្រមានមួយ ដែលកូរ៉េខាងជើង បានចេញនៅចុងឆ្នាំមុន ថា ខ្លួននឹងបង្ហាញនូវ អាវុធយុទ្ធសាស្ត្រថ្មី ហើយអាចធ្វើសកម្មភាពជាក់ស្តែង គួរឱ្យភ្ញាក់ផ្អើល ចំពេលមានកិច្ចចរចានុយក្លេអ៊ែរ ជាប់គាំងជាមួយសហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា