ព្រឹត្តិការណ៍

លោក ត្រាំ និងប្រធានាធិបតីតួកគី ពិភាក្សាគ្នាពីភាពចាំបាច់ បំបាត់កម្តៅភាពតានតឹង ឲ្យបានលឿននៅលីប៊ី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីភាពចលាចល នៅក្នុងប្រទេសលីប៊ី និងប្រទេសស៊ីរី ក៏ដូចជាការបើកឡើងវិញនូវសេដ្ឋកិច្ច នៅជុំវិញពិភពលោក ស្របពេលមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមាន បានមានប្រសាសន៍ប្រាប់ថា “លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី Erdogan បានពិភាក្សាគ្នាពីភាពរីកចម្រើន លើការបើកឡើងវិញ និងការជំរុញបង្កើនសេដ្ឋកិច្ចសកល ក្រោយការផ្ទុះរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា”។

លោកប្រធានាធិបតី ត្រាំ បានលើកឡើងជាថ្មីម្តងទៀត នូវក្តីព្រួយបារម្ភរបស់លោក ជុំវិញការជ្រៀតជ្រែក របស់បរទេសកាន់តែអាក្រក់ខ្លាំងឡើង នៅក្នុងប្រទេសលីប៊ី និងភាពចាំបាច់ ឲ្យមានការបញ្ឈប់ភាពតានតឹងឲ្យបានលឿន ក្រៅពីនោះ លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី Erdogan ក៏បញ្ជាក់ពីតម្រូវការបន្ទាន់ ឲ្យមានដំណោះស្រាយនយោបាយ ចំពោះជម្លោះក្នុងប្រទេសស៊ីរី ក៏ដូចជាការចូលទៅដល់ នៃជំនួយមនុស្សធម៌ ដោយគ្មានការរារាំង នៅទូទាំងប្រទេស”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top