បរទេស៖ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រំដែន ខេត្តឡុងអាន ជាមួយប្រទេសកម្ពុជា នៅថ្ងៃអង្គារ ជាមួយនឹងកាំភ្លើង ៣ ដើម និងថ្នាំញៀនប្រហែល ២១ គីឡូក្រាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tran Tuan Khanh អាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីប្រជុំជន Kien Tuong របស់ខេត្ត ឡុងអាន ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា និងមានចម្ងាយប្រហែល ៩៣គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង ហូជីមិញ។
ជនសង្ស័យត្រូវបានគេចាប់បានពេលកំពុងឆ្លងកាត់ច្រកព្រំដែន ចូលប្រទេសវៀតណាមពីប្រទេសកម្ពុជា ជាមួយកាបូបដែលមានផ្ទុកនូវគ្រឿងញៀនចំនួន ២០.៨ គីឡូក្រាម កាំភ្លើងខ្លីម៉ាក K៥៩ ចំនួន ២ ដើម កាំភ្លើងម៉ាក Zoraki មួយក្បាល ទស្សនាវដ្តីមួយ និងគ្រាប់កាំភ្លើងចំនួន ២៥គ្រាប់ ។
Tran Tuan Khanh បាននិយាយថា គាត់បានទិញកាំភ្លើង និងថ្នាំញៀន ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅកម្ពុជា ហើយមានបំណងលក់វានៅក្នុងប្រទេសវៀតណាម។
សូមជម្រាបថា នៅប្រទេសវៀតណាម មានការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការជួញដូរគ្រឿងញៀន ដោយផ្តល់ការកាត់ទោសប្រហារជីវិតដល់អ្នកកាន់កាប់ឬរត់ពន្ធគ្រឿងញៀនច្រើនជាង ៦០០ ក្រាម ឬមេតំហ្វេតាមីនជាង ២,៥ គីឡូក្រាម និងផលិត ឬលក់ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយការផ្តន្ទាទោសនេះ វាហាក់ដូចជាមិនមានឥទ្ធិពលរារាំងទេ ដោយគេសង្កេតឃើញមានការកើនឡើងនូវករណីជួញដូរគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ប្រែសម្រួលៈ ណៃ តុលា