បរទេស ៖ ដោយលើកយកសម្តី របស់លោក Vladimir Dzhabarov អនុប្រធានទីមួយ នៃគណៈកម្មាធិការកិច្ចការ អន្តរជាតិ របស់រដ្ឋសភា កាសែតរុស្ស៊ី Interfax បានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនបានបញ្ជូនបុគ្គលិកយោធា ទៅប្រទេសលីប៊ីនោះទេ ហើយរដ្ឋសភារបស់រុស្ស៊ី មិនបានទទួលសំណើ ឲ្យអនុម័តការបញ្ជូន បែបនេះនោះឡើយ។
កាលពីព្រឹកថ្ងៃអង្គារ សប្ដាហ៍នេះ យោធាសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរុស្ស៊ីថា កំពុងបញ្ជូនយន្តហោះចម្បាំងមួយគ្រឿង ទៅប្រទេសលីប៊ី ដើម្បីគាំទ្រដល់ ទាហានស៊ីឈ្នួល របស់រុស្ស៊ី ដែលកំពុងតែប្រយុទ្ធ ឲ្យកងកម្លាំងភាគខាងកើត នៅក្នុងប្រទេសនោះ ហើយនេះបានបន្ថែមក្តីព្រួយបារម្ភ អំពីការកើនកម្តៅខ្លាំង ឡើងថ្មីក្នុងជម្លោះ។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ លោកឧត្តមសេនីយ៍ Stephen Townsend ជាមេបញ្ជាការនៅអាហ្វ្រិក របស់អាមេរិក បាននិយាយប្រាប់ថា “រុស្ស៊ីច្បាស់ណាស់កំពុងតែព្យាយាមពង្រីក ជំហរវត្តមានយោធា នៅក្នុងប្រទេសលីប៊ី ហើយដូចដែលខ្ញុំបានឃើញពួក គេធ្វើនៅក្នុង ប្រទេសស៊ីរី គឺពួកគេកំពុង តែពង្រីកវត្តមានយោធា របស់ពួកគេ នៅក្នុងតំបន់អាហ្វ្រិក ដោយប្រើប្រាស់ក្រុមទាហាន ស៊ីឈ្នួលគាំទ្រ ដោយរដ្ឋាភិបាល ដូចជាក្រុម Wagner ជាដើម” ៕ប្រែសម្រួល៖ប៉ាង កុង