បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចោទប្រកាន់យោធារុស្ស៊ី ពីបទហោះហើរយ៉ាងគ្មានសុវត្ថិភាព នៅក្នុងអំឡុងធ្វើការ ស្ទាក់ដំណើរយន្តហោះ ទ័ពជើងទឹកអាមេរិកមួយគ្រឿង នៅលើដែនសមុទ្រមេឌីទែរ៉ានេ សម្រាប់ជាលើកទី៣ ក្នុងរយៈពេល២ខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចារកម្មអាមេរិក P-8A មួយគ្រឿង ដែលកំពុងហោះហើរ នៅលើដែនសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ពីលើដែនទឹកអន្តរជាតិ ត្រូវស្ទាក់ដំណើរ ដោយយន្តហោះចម្បាំងរុស្ស៊ី Su-35 ពីរគ្រឿង ចំនួនពីរលើក ក្នុងរយៈពេលតែ៦៥នាទី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
មន្ត្រីទ័ពជើងទឹកអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ការហោះស្ទាក់ដំណើរនេះ ត្រូវបានគេចាត់ទុកថា ជាទង្វើអសុវត្ថិភាពនិងគ្មានវិជ្ជាជីវៈ ព្រោះតែពីឡុតរុស្ស៊ី បានហោះចូលមកជិតស្លាប់នីមួយៗ របស់យន្តហោះ P-8A ព្រមគ្នា រារាំងសមត្ថភាពយន្តហោះ P-8A ក្នុងការហោះហើរ ប្រកបដោយសុវត្ថិភាព”៕ ប្រែសម្រួល៖ប៉ាង កុង