បរទេស៖ នៅសហរដ្ឋអាមេរិក មេរោគកូវីដ១៩ បានសម្លាប់មនុស្សរហូតដល់ជាង ១០០.០០០ នាក់ ក្នុងរយៈពេលតិចជាង ៤ ខែ។ វាបានបង្ហាញថា នៅអាមេរិកមានអ្នកស្លាប់ច្រើនជាងប្រទេសដទៃទៀត ខណៈពេលដែលការឆ្លងនៅសហរដ្ឋនេះបានកើនឡើងចំនួន ១,៦៩ លាននាក់ស្មើនឹងប្រមាណ ៣០% នៃចំនួនសរុបទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការឆ្លងមេរោគដំបូងបង្អស់របស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋវ៉ាស៊ីនតោននៅថ្ងៃទី ២១ ខែមករា។
នៅទូទាំងពិភពលោកមានប្រជាជនចំនួន ៥,៦ លាននាក់ ត្រូវបានគេកត់ត្រាថាមានផ្ទុកមេរោគ និង ៣៥៤.៩៨៣ នាក់បានស្លាប់ ចាប់តាំងពីវីរុសនេះបានផ្ទុះឡើងនៅទីក្រុង វូហាន ប្រទេសចិនកាលពីចុងឆ្នាំមុន។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកមានចំនួន ១០០.២៧៦ នាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលបានតាមដានជំងឺរាតត្បាត ដែលមានទីតាំងនៅរដ្ឋ ម៉ារីលែន ៕ប្រែសម្រួលៈ ណៃ តុលា